
បន្ទាប់ពីអ័ប្រាហាំបានស្លាប់ទៅ ព្រះជាម្ចាស់មានសេចក្តីសប្បុរសចំពោះអ៊ីសាកដែលជាកូន ព្រះប្រទានពរដល់គាត់សន្ធឹកណាស់ ប៉ុន្តែ១៩គត់ដែលគាត់រស់នៅជាមួយ រេបេកា ដែលជាភរិយាពុំមានកូនសោះ។ ពេលមួយលោកអ៊ីសាក ក៏អធិស្ឋានយ៉ាងស្មោះចេញពីដួងចិត្តរបស់លោកដើម្បីសុំកូន ពេលនោះព្រះទ្រង់បានឆ្លើយតបនូវសេចក្តីអធិស្ឋានរបស់លោក។
អ៊ីសាកនិងរេបេកា ក៏បានកូនភ្លោះ២នាក់ គឺបងឈ្មោះថា អេសាវ និង កូនប្អូនឈ្មោះ យ៉ាកុប។ កូនច្បងចម្រើនវ័យធំឡើងជាអ្នកពូកែខាងប្រមាញ់សត្វ គឺគាត់មានរាងកាយរឹងម៉ាំ ម៉ឺងម៉ាត់មត់ចត់ ហើយមានរោមពេញខ្លួន ចំណែកឯកូនប្អូនវិញគឺយ៉ាកុប គឺជាមនុស្សសុភាពរាបសារ និងពូកែតែការងារក្នុងផ្ទះ ហើយចេះចាត់ចែងការងារបានល្អ ហើយចេះថែរទំាហ្វូងចៀមរបស់ឪពុកខ្លួននៅឯផ្ទះបានយ៉ាងល្អ។ ក្នុងរវាងកូនទាំងពីរនាក់ លោកអ៊ីសាកបានស្រឡាញ់ដល់អេសាវជាងយ៉ាកុប ដ្បិតលោកចូលចិត្តពិសារសាច់ក្តាន់ ដែលអេសាវតែងតែរកអោយលោកឪពុកពិសារជារើយៗ ចំណែកឯយ៉ាកុបវិញ គឺជាទីពេញចិត្តដល់ម្តាយឯណោះវិញ។
ក្នុងសម័យនោះ កូនប្រុសច្បងក្នុងគ្រួសារនីមួយៗ មានសិទ្ធិទទួលអំណាចឬទ្រព្យសម្បត្តិ ឬគេអាចហៅថា ពរពិសេសពីឪពុករបស់ខ្លួន ក្នុងនាមជាកូនច្បងក្នុងគ្រួសារ ហើយវប្បធម៌នេះបានធ្វើអោយប្រទេសអ៊ីស្រាអែលបន្សល់បន្តរហូតដល់កូនច្បងក្នុងគ្រួសាររបស់គេរៀងៗខ្លួនមកដល់បច្ចុប្បន្ននេះ។ ដូច្នេះក្នុងនាមជាកូនច្បង លោកអេសាវ មាន “សិទ្ធិកូនច្បង” ដែលនឹងទទួលមរតកនិងទ្រព្យសម្បត្តិច្រើនជាងយ៉ាកុប។
មានពេលមួយ ពេលអេសាវត្រឡប់មកពីប្រមាញ់វិញ ហើយមានការនឿយហត់ ហើយឃ្លានយ៉ាងខ្លាំង។ ពេលនោះយ៉ាកុបកំពុងតែចំអិនសំឡសណ្តែកក្រហមមួយចាន ពេលនោះអេសាវបានសុំសំឡនោះពីយ៉ាកុប ពេលនោះយ៉ាកុបក៏បាននិយាយទៅកាន់អេសាវថា “បើបងចង់ហូបសំឡសណ្តែកនេះ សូមផ្ទេរអំណាចមរតករបស់បងមកអោយខ្ញុំមកសិនមក”។ ពេលនោះអេសាវក៏តបវិញថា “បងឃ្លានស្លាប់ឥឡូវហើយ ដូច្នេះ តើអំណាចនេះមានប្រយោជន៍អ្វីដល់បងទៀត?” ពេលនោះឯងអេសាវក៏ព្រមផ្ទេរអំណាចមរតកជាកូនច្បង ជាថ្នូរនិងសំឡមួយចាន។
ហើយពេលនោះ លោកអ៊ីសាក វ័យកាន់តែចាស់ហើយក៏ខ្សោយ រីឯភ្នែកក៏ងងឹតទៅទៀត។ មានថ្ងៃមួយ លោកអ៊ីសាកក៏និយាយទៅកាន់អេសាវថា “ចូរកូនយកគ្រឿងប្រដាប់ទៅប្រមាញ់សត្វឥឡូវ មកចំអិនសំរាប់ឪពុកអោយបានឆ្ងាញ់ម្តង ដែលពុកចូលចិត្ត ហើយពុកនឹងអធិស្ឋានអោយពរដល់កូននូវពរពិសេសគឺពរកូនច្បងដល់ឯង មុនពេលដែលពុកត្រូវស្លាប់”។
ពេលនោះរេបិកាបានស្តាប់លឺ ហើយក៏បានទៅប្រាប់ដល់យ៉ាកុបដែលជាសំណព្វចិត្តរបស់គាត់ដើម្បីចង់អោយយ៉ាកុបបានទទួលពរកូនច្បងនោះវិញ នាងក៏ប្រាប់ដល់យ៉ាកុបថាចូរកូនស្លៀកសំលៀកបំពាក់របស់អេសាវ ហើយអោយគាត់យករោមពពែ និងកររបស់វា ដើម្បីអោយឪពុករបស់កូនគិតថា គឺជាអេសាវ។ បន្ទាប់មកនាងក៏អោយយ៉ាកុប ចូលក្នុងត្រសាលរបស់អ៊ីសាក ដោយយកសម្លដែលនាងបានចំអិន ទៅជាមួយផង។ ពេលនោះអ៊ីសាកក៏បរិភោគ រួចអ៊ីសាកក៏ឲ្យពរដល់យ៉ាកុប ជំនួសអេសាវ ហើយផែនការរបស់នាងរេបិកា ក៏បានសម្រេចដូចបំណង។
អត្ថបទនេះដកស្រង់ចេញពីព្រីគម្ពីរ លោកុប្បត្តិ២៥-២៧:១-២៩
អត្ថបទសំម្រួលដោយ លោកគ្រូ វ៉ាន រ៉ាវី
E-mail: ravy719@gmail.com