localnews
domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init
action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/tbialwadfclvpyzk/public_html/wp-includes/functions.php on line 6121ក្រឹត្យវិន័យទាំង១០ប្រការ
ក្រឹត្យវិន័យទី ១
ចូរចងចាំ៖ លោកលូធ័របានចំណាយពេលវេលាយ៉ាងច្រើនទៅលើក្រឹតវិន័យទី១ ជាងទៅលើផ្នែកផ្សេងៗនៃសៀវភៅគោលជំនឿគ្រីស្ទបរិស័ទ ដោយពន្យល់ពីសារៈសំខាន់ក្នុងការស្គាល់ទុកចិត្ត និងជឿព្រះពិត ហើយគ្មានអ្វីដែលនឹងមកជំនួសកន្លែងទ្រង់។
គាត់បានជឿជាក់ថា កាលណាយើងរក្សានូវក្រឹត្យវិន័យទី១នេះបាន នោះក្រឹត្យវិន័យផ្សេងៗទៀតនឹងអាចរក្សាជាបន្តបន្ទាប់។ចំណងនៃប្រកបគ្នាដែលត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់ អាចនាំនឹងបង្កើតជាចំណងដែលត្រឹមត្រូវជាមួយនឹងមនុស្សជាតិ។
មិនតូ្រវឲ្យឯងមានព្រះឯណាទៀតឡើយ
១ តើពាក្យនេះមានន័យយ៉ាងដូចម្តេច? ឯងត្រូវតែមានតែអញមួយជាព្រះរបស់ឯង។ តើពាក្យនេះមានន័យយ៉ាងដូចម្តេច? និងតើយើងត្រូវយល់ដោយរបៀបណា? ឬតើព្រះជាម្ចាស់ជាអ្វី?
២ ចម្លើយៈ ពាក្យថាព្រះ (God) មានន័យថាគឺជាអ្វីដែលយើងអាចរំពឹងថាអ្វីៗសុទ្ធតែល្អទាំងអស់ និងជាកន្លែងដែលយើងរកទីជ្រកកោនបាននៅពេលដែលយើងមានទុក្ខលំបាក។ ដូចនេះការដែលមានព្រះគឺគ្មានអ្វីក្រៅពីការទុកចិត្តនិងជឿទៅលើទ្រង់ឲ្យអស់ពីចិត្តនោះទេ។ ជារឿយៗខ្ញុំតែងតែនិយាយថា ៣ ការមានទំនុកចិត្តនិងសេចក្តីជំនឿក្នុងចិត្តតែមួយអាចធ្វើចំពោះព្រះជាម្ចាស់និងរូបព្រះ។ ប្រសិនបើសេចក្តីជំនឿ និងការទុកចិត្តរបស់អ្នកត្រឹមត្រូវ នោះព្រះរបស់អ្នកក៏ពិតផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើការទុកចិត្តរបស់អ្នកខុសឆ្គង នោះអ្នកនឹងមិនអាចមានព្រះពិតជាដាច់ខាត។ សេចក្តីជំនឿនិងព្រះជាម្ចាស់គឺ នៅជាមួយនឹងគ្នា (ហេព្រើរ១១:៦)។ ឥឡូវនេះ ខ្ញុំនិយាយថាអ្វីដែលអ្នកដាក់នៅក្នុងចិត្តរបស់អ្នកនិងដាក់ទំនុកចិត្តទៅលើនោះគឺ ពិតជាព្រះរបស់អ្នក។
៤ គោលបំណងនៃក្រឹត្យវិន័យនេះគឺតម្រូវឲ្យមានសេចក្តីជំនឿពិតនិងការទុកចិត្ត ដែលដាក់ទៅលើព្រះពិតតែមួយ និងតោងជាប់លើទ្រង់តែមួយអង្គឯង។ វាដូចជាការនិយាយថា “ចូរសាកល្បងជាមួយនឹងអញ នៅពេលដែរឯងបានលើកអញជាព្រះតែមួយរបស់ឯងហើយមិនស្វែងរកព្រះដទៃ”។ យើងអាចនិយាយម្យ៉ាងទៀតថា៖ “បើអ្នកខ្វះខាតនូវរបស់ដែលល្អ ចូររំពឹងរបស់នោះពីអញចុះ។ ចូរក្រលេកមកអញ ដើម្បីរបស់នោះ។ ហើយនៅពេលណាដែលអ្នករងការលំបាកដោយព្រោះហេតុការណ៍មិនល្អ ហើយមានគ្រោះថ្នាក់ ចូរមកពឹងអញ។ នោះអញនឹងប្រទានដល់ឯងបានគ្រប់គ្រាន់ និងជួយបំពេញរាល់ការខ្វះខាតរបស់ឯង។ តែកុំឲ្យចិត្តរបស់ឯងដាក់ទំនុកចិត្តទៅលើរបស់អ្វីផ្សេងនោះឡើយ”។
៥ នៅត្រង់ចំណុចនេះ ខ្ញុំត្រូវតែបង្ហាញឲ្យបានច្បាស់។ វាអាចយល់និងឃើញបានតាមរយៈឧទាហរណ៏ ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃជាច្រើន។ មានមនុស្សជាច្រើនបានគិតថា គាត់មានព្រះនិងរបស់ជាច្រើនបរិបូរណ៍ ពេលដែលគាត់មានលុយនិងរបស់កម្មសិទិ្ធជាច្រើន។ គាត់មានទំនុកចិត្តទៅលើរបស់ទាំងនោះ និងអួតអំពីទ្រព្យសម្បត្តិទាំងនោះដោយភាពរឹងមាំនិងការធានាដោយមិនគិតពីនរណាម្នាក់ឡើយ។ ៦ មនុស្សបែបនេះគេមានព្រះរបស់គេឈ្មោះថា “ម៉ែមម៉ុន” មានន័យ “ទ្រព្យសម្បត្តិ លុយ និងរបស់កម្មសិទ្ធិ” (ម៉ាថាយ៦:២៤) ដែលគាត់បានដាក់ចិត្តទៅលើវា។៧ ជាទូទៅនេះគឺជារូបព្រះនៅលើផែនដី។ អស់អ្នកណាដែលមានលុយ និងរបស់កម្មសិទ្ធិច្រើននោះមានអារម្មណ៍សុវត្ថិភាព (លូកា ១២:១៦-២១) និងមានចិត្តរីករាយដោយគ្មានការបារម្ភ គឺដូចជាគាត់កំពុងអង្គុយកណ្តាលស្ថានសួគ៌បែបនេះដែរ។ ៨ តែយ៉ាងណាមិញអ្នកដែលគ្មានលុយមានការសង្ស័យនិងអស់សង្ឃឹម ដូចជាគាត់មិនបានស្គាល់ថាមានព្រះ។ ៩ មានមនុស្សតិចណាស់ ដែលអាចមានចិត្តរីករាយ ហើយមិនរអ៊ូរទាំ មិនតវ៉ា ប្រសិនបើគេគ្មានលុយនោះ។ ការចង់បានភាពសុខសួ្រលនិងចំណង់ចង់បានលុយគឺតោងជាប់ជាមួយនឹងនិស្ស័យរបស់យើងរហូតដល់យើងស្លាប់។
១០ ដូច្នេះអស់អ្នកណាដែលទុកចិត្តនិងអួតថា គាត់មានជំនាញល្អ ប្រាជ្ញាឈ្លាសវៃ អំណាច ចំណង ទាក់ទងមិត្តភ័ក្រ្ត កិត្តិយស ក៏មានព្រះរបស់គាត់ផងដែរ ប៉ុន្តែនោះមិនមែនជាព្រះពិតនិងជាព្រះតែមួយនោះឡើយ។ សេចក្តីពិតនេះកើតឡើងដដែលៗ នៅពេលដែលយើងកត់សំគាល់ថា តើមនុស្សមានអំនួត ការធានារបៀបណានៅពេលដែលគេមានទ្រព្យសម្បត្តិច្រើន? ហើយតើពួកគេនឹងមានការអស់សង្ឃឹម បែបណានៅពេលទ្រព្យសម្បត្តិរបស់ពួកគេវិនាសអស់ ឬត្រូវបានដកហូតចេញនោះ?។ ដូចនេះខ្ញុំនិយាយឡើងវិញថាចំនុចសំខាន់នៃការពន្យល់នេះគឺថា “មានព្រះ” គឺជាការមានអ្វីមួយដែលអ្នកដាក់ចិត្តរបស់អ្នកទាំងស្រុង។
១១ ក្រៅពីនេះទៀត ចូរគិតពិចារណាអំពីភាពងងឹតរបស់យើង ដែលយើងបានអនុវត្តនិងការប្រព្រឹត្តក្រោមអំណាចប្រមុខនៃសាសនាកាតូលិករហូតមកដល់ពេលនេះ។ ប្រសិនបើមានអ្នកណាម្នាក់ឈឺធ្មេញ គាត់ត្រូវតែតមអាហារនិងថ្វាយតង្វាយដល់អ្នកបរិសុទ្ធអាប៉ូឡូ។ បើគាត់ខ្លាចភ្លើង គាត់ត្រូវជ្រើសរើសអ្នកបរិសុទ្ធឡរែនជាអ្នកជំនួយរបស់គាត់។ ប្រសិនបើគាត់មានជំងឺគ្រុន គាត់ត្រូវធ្វើសម្បថទៅដល់អ្នកបរិសុទ្ធសាបាស ឬរ៉ូឈីអូ។ គឺមាននូវការប្រមាថគួរឲ្យស្អប់ខ្ពើមបែបនេះរាប់មិនអស់ ដែលមនុស្សម្នាក់ៗបានជ្រើសរើសអ្នកបរិសុទ្ធផ្ទាល់ខ្លួនសម្រាប់ថ្វាយបង្គំ និង ១២ សម្រាប់អំពាវនាវរកជាជំនួយនៅពេលដែលពួកគេមានទុក្ខលំបាកនោះ។ មនុស្សបែបនេះគឺ ដូចជាគ្រូអាបធ្មប់និងគ្រូគាថា ដែលការប្រព្រឹត្តរបស់ពួកគេជាទីស្អប់ខ្ពើមជាខ្លាំង (ចោទិយកថា ១៨:៩-១២)។ គាត់បានចុះកិច្ចសន្យាជាមួយនឹងអារក្ស ដើម្បីឲ្យអារក្សផ្តល់ឲ្យគាត់នូវទ្រព្យសម្បត្តិជាច្រើន ឬជួយពួកគេក្នុងរឿងស្នេហា ដើម្បីការរក្សាហ្វូងសត្វរបស់ពួកគេ រកទ្រព្យសម្បត្តិ ដែលពួកគេបានបាត់បង់មកវិញ និងកិច្ចការជាច្រើនទៀត។ ចំពោះមនុស្សបែបនេះបានដាក់ចិត្តរបស់ពួកគេ និងទុកចិត្តទៅលើអ្វីមួយផ្សេងទៀត ជាជាងទៅលើព្រះពិត។ ពួកគេមើលទៅទ្រង់គ្មានអ្វីល្អ ហើយពួកគេក៏មិនស្វែងរកការល្អពីទ្រង់ដែរ។
១៣ ដូច្នេះ អ្នកអាចយល់បានយ៉ាងងាយអំពីអ្វីដែលជាការតម្រូវរបស់ក្រឹត្យវិន័យនេះ។ ចិត្តទាំងមូលរបស់មនុស្សម្នាក់និងទំនុកចិត្តរបស់គាត់ ត្រូវតែដាក់ទៅលើព្រះជាម្ចាស់តែមួយគត់និងមិនដាក់ទៅលើនរណាម្នាក់ទៀតនោះឡើយ។ ដោយព្រោះការដែលមានព្រះជាម្ចាស់បានសម្តែងឡើយ អ្នកអាចមើលឃើញបានយ៉ាងងាយ មិនមែនដោយការចាប់កាន់ទ្រង់ជាមួយនឹងដៃរបស់យើង ឬក៏ដាក់ទ្រង់ចូលទៅក្នុងកាបូប “ដូចជាលុយ” ឬក៏ចាក់សោរទ្រង់ទុកក្នុងទ្រុង ១៤ “ដូចជាគ្រឿងមាសប្រាក់”។ តាមពិតទៅការដែលមានទ្រង់គឺមានន័យថាចិត្តប្រកាន់ខ្ជាប់ជាមួយនឹងទ្រង់ និងងាកបែររកទ្រង់។ ១៥ ការភ្ជាប់ជាមួយទ្រង់ ដោយចិត្តគឺគ្មានអ្វីក្រៅពីការទុកចិត្តទៅលើទ្រង់ទាំងស្រុងនោះទេ។ ដោយព្រោះមូលហេតុនេះហើយ ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យចង់បង្វែរយើងចេញពីអ្វីៗទាំងអស់ដែលមិននៅក្នុងទ្រង់ចេញពីខ្លួនយើងហើយ នាំយើងមកឯទ្រង់វិញ (យ៉ូហាន ៦:៤៤)។ ព្រោះថាទ្រង់គឺជាជីវិតអស់កល្ប (ម៉ាថាយ ១៩:១៧) ។ គឺវាដូចជាអ្វីដែលទ្រង់ចង់មានព្រះបន្ទូលថា៖ “អ្វីៗដែលអ្នកបានសុំដល់ពួកបរិសុទ្ធ ឬអ្វីៗដែលអ្នកដែលអ្នកបានទុកចិត្តទៅលើមានដូចជាលុយឬរបស់អ្វីផ្សេងទៀតនេះ ចូរសង្ឃឹមនឹងថានឹងបានពីអញមក។ ចូរគិតថាអញជាមនុស្សម្នាក់ដែលនឹងជួយដល់ឯង និងប្រទានពរដ៏បរិបូរណ៍ សម្រាប់ឯងនូវគ្រប់របស់ទាំងអស់”។
១៦ ចូរមើលចំណុចនេះ អ្នកអាចមានអត្ថន័យនៃការគោរពនិងការថ្វាយបង្គំព្រះពិត ដែលធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ និងជាការដែលទ្រង់បានបង្គាប់មកដែលស្ថិតនៅក្រោមសេចក្តីក្រោធអស់កល្បជានិច្ច។ ចិត្តរបស់យើងមិនបានស្គាល់សេចក្តីសុខសាន្ត ឬការទុកចិត្តទៅលើអ្វីក្រៅពីទ្រង់នោះទេ។ យើងមិនត្រូវដើរតាមសាច់ឈាមរបស់យើង ដែលអាចដាច់ចេញពីទ្រង់នោះឡើយ។ តែដោយព្រោះតែព្រះនាមរបស់ទ្រង់ អ្នកត្រូវតែហ៊ាន ហើយមិនទទួលស្គាល់របស់អ្វីក្នុងលោកីយ៍នេះជាដាច់ខាត។១៧ ម្យ៉ាងទៀតនោះ អ្នកអាចឃើញ ហើយមានអារម្មណ៍ដែលថា លោកីយទាំងមូលប្រព្រឹត្តតែការថ្វាយបង្គំដែលខុសឆ្គងនិងថ្វាយបង្គំរូបព្រះ។ ព្រោះគ្មានណាមនុស្សណាម្នាក់ដែលមិនពុករលួយនោះទេ ទោះបីជាពួកគេមិនចាប់ផ្តើមបន្តការថ្វាយបង្គំព្រះផ្សេងៗសោះក៏ដោយ។ មនុស្សគ្រប់រូបបានផ្តើមតាំងរូបព្រះជាម្ចាស់ជាពិសេសរបស់ខ្លួនដោយនូវអ្វីៗដែលពួកគេអាចស្វែងរកបាន ការប្រទានពរ ជំនួយ និងការកំសាន្តចិត្តរបស់ពួកគេ។
១៨ ឧទាហរណ៍ អ្នកដែលមិនជឿទៅលើព្រះ ដែលបានដាក់ការទុកចិត្តរបស់ពួកគេទៅលើអំណាចនិងការត្រួតត្រាបានលើកតម្កើងដល់ភពព្រហស្បតិ៍ ជាព្រះដែលខ្ពង់ខ្ពស់របស់ពួកគេ។ អ្នកដទៃទៀត ដែលគិតចង់មានសុភមង្គលនិងសេចក្តីរីករាយក្នុងជីវិតបានលើកតម្កើង ភពហឺរខ្យូ ភពពុធ ភពសុក្រ ឬព្រះដទៃទៅទៀត។ ចំពោះស្រ្តីមានផ្ទៃពោះបានលើកតម្កើងនាង ដាយអាណា ឬលូស៊ីណានិងរូបព្រះជាច្រើនទៀត។ ដូចនេះមនុស្សគ្រប់រូបបានធ្វើរូបព្រះរបស់ខ្លួន ដែលចិត្តរបស់គេចាប់អារម្មណ៍។ ហេតុដូចនេះនៅក្នុងចិត្តរបស់អ្នកដែលមិនជឿទៅលើព្រះជាម្ចាស់ ការដែលមានរូបព្រះមានន័យថា ការទុកចិត្តនិងការជឿ។ ១៩ ប៉ុន្តែកំហុសរបស់គេគឺនៅក្នុងចំនុចនេះ គឺថាការទុកចិត្តរបស់គេគឺខុស ហើយជាការថ្វាយបង្គំខុសឆ្គង។ ព្រោះថាការទុកចិត្តរបស់ពួកគេមិនមែនទៅលើព្រះពិតតែមួយ ដែលក្រៅពីទ្រង់នោះពិតជាគ្មានព្រះពិតឯណាទៀតទេ នៅលើស្ថានសួគ៌និងផែនដីនេះ (អេសាយ ៤៤:៦)។ ២០ ហេតុដូចនេះ អ្នកមិនជឿទៅលើព្រះជាម្ចាស់បានបង្កើតនូវការយល់របស់ពួកគេដោយខ្លួនឯង និងយល់សប្តិអំពីព្រះជាម្ចាស់ថាជារូបព្រះ។ ជាចុងក្រោយនោះ ពួកគេបានដាក់ការទុកចិត្តរបស់គេ ទៅលើការដែលគ្មានន័យអ្វីសោះ ២១ ហេតុនេះគេមានតែការថ្វាយបង្គំរូបព្រះទាំងអស់។ វាមិនត្រឹមតែកើតមានដោយសារតែការឆ្លាក់រូបនិងការថ្វាយបង្គំប៉ុណ្ណោះទេ តែវាកើតឡើងចេញពីចិត្តរបស់ពួកគេផ្ទាល់។ ចិត្តរបស់ពួកគេបែរទៅរករបស់មួយផ្សេងទៀតគឺ ចិត្តនោះស្វែងរកជំនួយនិងការកំសាន្តចិត្តចេញពីរបស់ទាំងឡាយដែលព្រះបានបង្កើតពួកបរិសុទ្ធ ឬអារក្ស គឺមិនខ្វល់ខ្វាយចំពោះព្រះជាម្ចាស់ ឬក្រលេកមើលទៅទ្រង់ដើម្បីការប្រសើរនោះឡើយ ហើយមិនជឿថាទ្រង់មានព្រះហឫទ័យចង់ជួយទេ។ ចិត្តរបស់ពួកគេមិនបានជឿថា គ្រប់របស់ល្អទាំងអស់គឺមកពីព្រះជាម្ចាស់ (យ៉ាកុប ១:១៧) នោះឡើយ។
២២ ក្រៅពីនេះ នៅមានការថ្វាយបង្គំខុសឆ្គង និងការថ្វាយបង្គំរូបព្រះជាច្រើនទៀត ដែលយើងបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។ សេចក្តីនេះគឺជាការធម្មតានៃលោកីយនេះ។ ការនេះទាក់ទងទៅនឹងបញ្ញាចិត្តតែមួយ ដែលស្វែងរកជំនួយ ការកំសាន្តចិត្ត និងសេចក្តីសង្គ្រោះនៅក្នុងការងាររបស់ខ្លួន។ បញ្ញាចិត្តនេះស្រមើស្រមៃថា អាចច្បាំងយកស្ថានសួគ៌ពីព្រះបាន ហើយគិតថាតើមានសំណើប៉ុន្មានហើយដែលបានធ្វើ? តើមានការតមអាហារប៉ុន្មានដង? តើមានការទទួលពិធីម៉ាស់ប៉ុន្មានដង?។ល។ ដោយការពឹងផ្អែកទៅលើកិច្ចការទាំងអស់នេះហើយដែលធ្វើឲ្យពួកគេមានអំនួត វាហាក់បីដូចជាពួកគេមិនបានទទួលរបស់អ្វីដែលជាអំណោយទានរបស់ព្រះជាម្ចាស់ទៅវិញ។ ពីព្រោះថាពួកគេចង់ស្វែងរក ឬសន្សំការល្អដើម្បីទៅស្ថានសួគ៌ជាមួយនឹងការប្រព្រឹត្តល្អរបស់ពួកគេ។ បញ្ញាចិត្តធ្វើសកម្មភាព ដែលហាក់បីដូចជាថាព្រះជាម្ចាស់ត្រូវតែមកបំរើយើង ហើយទ្រង់គឺជាអ្នកជាប់បំណុលរបស់យើង ២៣ ហើយយើងបែរត្រឡប់ជាចៅហ្វាយរបស់ទ្រង់ទៅវិញ។ តើនេះមិនមែនជាការបន្ទាបព្រះជាម្ចាស់ទៅជារូបព្រះ ជាការពិតណាស់ជារូបព្រះដូចជាផ្លែប៉ោម ហើយលើកតម្កើងខ្លួនរបស់យើងជាព្រះខ្លួនឯងទេឬអី? ប៉ុន្តែនៅត្រង់ចំណុចនេះ គឺមានភាពស៊ីជម្រៅបន្តិច ហើយមិនមែនសម្រាប់មនុស្សវ័យក្មេងនោះទេ។
២៤ ចូរបញ្ជាក់ ចំណុចខាងក្រោមនេះឲ្យមានភាពច្បាស់លាស់ចំពោះពួកជំនុំក្នុងព្រះវិហារ បន្ទាប់មកពួកជំនុំអាចកត់ចំណាំនិងចងចាំបានយ៉ាងល្អនូវអត្ថន័យនៃក្រឹត្យវិន័យនេះ៖ យើងត្រូវតែទុកចិត្តលើព្រះជាម្ចាស់តែមួយ ស្វែងរកទ្រង់ហើយនឹងសង្ឃឹមថានឹងបានទទួលការល្អពីទ្រង់ ជាព្រះដែលប្រទានដល់យើងនូវរូបរាងកាយ ជីវិត អាហារ ទឹក សុខភាពល្អ ការការពារ សេចក្តីសុខសាន្ត និងរបស់ទាំងឡាយដែលមានភាពចាំបាច់សម្រាប់ជីវិតនេះ និងជីវិតអស់កល្បជានិច្ច។ ជាមួយនឹងគ្នានោះ ទ្រង់បានរក្សាយើងឲ្យចាកចាញឆ្ងាយពីការអាក្រក់ទាំងឡាយ ហើយបើមានការអ្វីអាក្រក់ធ្លាក់មកលើយើងនោះ ទ្រង់នឹងជួយសង្គ្រោះយើងមិនខាន។ ដូចនេះមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ (ដែលទ្រង់បានមានព្រះបន្ទូលគ្រប់គ្រាន់) ដែលយើងអាចទទួលរបស់ល្អទំាងអស់ និងដោយសារតែទ្រង់នោះ យើងអាចជួយចាកផុតពីសេចក្តីអាក្រក់ទាំងឡាយ។២៥ ដូចនេះ ខ្ញុំគិតថាយើងដែលជាជនជាតិអាឡឺម៉ង់ ចាប់តាំងពីដើមមកបានឲ្យឈ្មោះរបស់ “ព្រះជាម្ចាស់” (សមរម្យនិងល្អជាងភាសាផ្សេងៗ) ចេញពីពាក្យ “ល្អ” ។ វាហាក់បីដូចជាថា ទ្រង់គឺជាប្រភពអស់កល្បជានិច្ច ដែលមានចេញមកតែសេចក្តីល្អ ហើយចេញពីប្រភពនោះ គឺហូរចេញមកតែសេចក្តីល្អ។
២៦ ទោះបើយើងបានទទួលនូវបទពិសោធន៍អំពីការល្អជាច្រើនមកពីមនុស្សដទៃ តែអ្វីៗដែលយើងបានទទួលពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឬការរៀបចំទាំងអស់គឺទទួលមកពីព្រះជាម្ចាស់ ដោយព្រោះថាឪពុកម្តាយ អ្នកដឹកនាំទាំងអស់ អ្នកដទៃទៀតនោះ និងការគោរពពីអ្នកជិតខាងគឺ យើងបានទទួលពីការបង្គាប់ពីព្រះជាម្ចាស់ដោយទ្រង់មានព្រះបន្ទូលថា ពួកគេគួរតែធ្វើការល្អមកលើយើង ។ ដូចនេះយើងមិនមែនទទួលការប្រទានពរនេះពីពួកគេទាំងនោះទេ តែតាមរយៈពួកគេ។ ព្រោះថារបស់ដែលព្រះបង្កើតគឺគ្រាន់តែជាដៃ ជាចរន្ត និងជាមធ្យោបាយដែលព្រះជាម្ចាស់ប្រទានពរទាំងអស់ដល់យើងប៉ុណ្ណោះ។ ដូចនេះទ្រង់បានប្រទានដល់អ្នកម្តាយនូវដោះទាំងគូរ និងមានទឹកដោះសម្រាប់ផ្តល់ទៅឲ្យដល់កូនរបស់គាត់ ហើយទ្រង់បានប្រទានគ្រាប់ពូជនិងរុក្ខជាតិជាច្រើនទៀត ដែលចេញពីដីសម្រាប់មនុស្សនឹងសត្វទាំងអស់ (ទំនុកតម្កើង ១០៤: ២៧- ២៨ ១៤៧: ៨-៩)។ គ្មានការប្រទានពរណាមួយ នៅក្នុងចំណោមការប្រទានពរទាំងនេះអាចបង្កើតបានដោយសារវត្ថុដែលបង្កើតដោយព្រះជាម្ចាស់នោះទេ។
២៧ ដូចនេះ គ្មាននរណាម្នាក់អាចរំពឹងថា យកឬផ្តល់របស់អ្វីលើកលែងតែរបស់អ្វីដែលព្រះជាម្ចាស់ មានព្រះបន្ទូលបង្គាប់អ្នកប៉ុណ្ណោះ។ បន្ទាប់មក គឺយើងអាចទទួលស្គាល់ថាជាអំណោយទានរបស់ព្រះជាម្ចាស់ ហើយការអរព្រះគុណអាចនឹងថ្វាយទៅទ្រង់សម្រាប់ការប្រទានពរ ដូចជានៅក្នុងក្រឹត្យវិន័យនេះបានតម្រូវឲ្យធ្វើ។ ដោយព្រោះមូលហេតុនេះ វិធីដែលយើងអាចទទួលបានអំណោយទានល្អពីរបស់អ្វីដែលព្រះជាម្ចាស់បានបង្កើតមិនត្រូវបដិសេធនោះតែ។ ហើយយើងក៏មិនត្រូវស្វែងរកវិធីដទៃទៀត និងមធ្យោបាយអ្វីដែលលើសពីការដែលព្រះជាម្ចាស់បានបង្គាប់មកដែរ ពីព្រោះថានេះមិនមែនជាការដែលទទួលមកពីព្រះជាម្ចាស់នោះទេ តែជាការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ២៨ ចូរឲ្យមនុស្សទាំងអស់មើលនិងឲ្យតម្លៃក្រឹត្យវិន័យនេះខ្ពស់ជាងអ្វីៗទាំងអស់។ ចូរកុំគិតថាវាជា ការកំប្លែងឲ្យសោះ! ចូរសួរនិងពិនិត្យទៅលើចិត្តរបស់អ្នកឲ្យបានល្អ (២ កូរិនថូស ១៣:៥) ហើយអ្នកនឹងអាចស្វែងរកេឃើញថា អ្នកសម្លឹងទៅព្រះជាម្ចាស់តែមួយអង្គ ឬមិនមែន។ ប្រសិនបើ អ្នកមានចិត្តដែលគ្មានរំពឹងអ្វីក្រៅពីទ្រង់ ក្រៅពីសេចក្តីល្អមកពីទ្រង់ ជាពិសេសនៅក្នុងភាពក្រីក្រនិងទុក្ខលំបាក និងចិត្តដែលបានប្រកាស និងបំភ្លេចនូវសេចក្តីអ្វីៗដែលមិនមកពីព្រះ នោះអ្នកនឹងមានព្រះពិតតែមួយ។ តែផ្ទុយទៅវិញ ប្រសិនបើចិត្តរបស់អ្នកបានតោងភ្ជាប់ទៅនឹងអ្វីមួយផ្សេងទៀតដែលអ្នករំពឹងថានឹងទទួលការល្អ ហើយជាជំនួយជាជាងការទទួលមកពីព្រះនោះ ហើយបើសិនជាចិត្តរបស់អ្នក មិនរកទ្រង់ជាទីពឹងជ្រកនោះទេ តែបានគេចពីទ្រង់ នៅពេលដែលមានបញ្ហា នោះអ្នកនឹងមានរូបព្រះជាព្រះមួយដទៃទៀតមិនខាន។
២៩ ព្រះជាម្ចាស់នឹងមិនឲ្យ ក្រឹត្យវិន័យនេះបោះចោលទៅក្នុងខ្យល់នោះឡើយ។ ទ្រង់នឹងធ្វើការបង្គាប់ និងប្រាប់អោយដឹងនូវក្រឹត្យវិន័យនេះ ដើម្បីអោយពួកគេបានយល់ច្បាស់ ទ្រង់បានបន្ថែមទៀតថា (ក) ការគំរាមកំហែងដែលគួរឲ្យភ័យខ្លាច (ខ) សេចក្តីសន្យានៃការកំសាន្តចិត្តដែលពិត។ សេចក្តីសន្យានេះក៏ត្រូវបានបង្រៀនទៅដល់ក្រុមយុវជនផងដែរ (ចោទិយកថា ៦:៧) ដែលអាចឲ្យពួកគេអាចយកដាក់ក្នុងចិត្តនិងប្រកាន់ខ្ជាប់នូវក្រឹត្យវិន័យនេះ។
“ការពន្យល់បនែ្ថមអំពីក្រឹត្យវិន័យទី១”
៣០ ក៏កុំឲ្យក្រាបសំពះនៅចំពោះមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ត្បិតអញជាយេហ៊ូវ៉ា ជាព្រះនៃឯងអញមានសេចក្តីប្រច័ណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតដល់៣ទៅ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ។ តែអញនឹងផ្តល់សេចក្តី សប្បុរសដល់ទាំងពាន់ដំណនៃពួកអ្នកដែលស្រលាញ់ ហើយកាន់តាមបញ្ញត្តិរបស់អញទាំងប៉ុន្មានវិញ (និក្ខមនំ ២០:៥-៦)។
៣១ ពាក្យទាំងនេះជាប់ទាក់ទងជាមួយនឹងក្រឹត្យវិន័យទាំងអស់ (យើងនឹងរៀនបន្តបន្ទាប់)។ បទគម្ពីរទាំងនេះចូលរួមជាមួយនឹងក្រឹត្យវិន័យទី១ដែរ ពីព្រោះវាមានសារៈសំខាន់ណាស់ ដែលអាចធ្វើឲ្យការគិត របស់មនុស្សមានភាពត្រឹមត្រូវជាមុន។ ពីព្រោះថា បើក្បាលមានភាពត្រឹមត្រូវហើយនេះ ជីវិតទាំងមូលរបស់យើងក៏ ៣២ មានភាពត្រឹមត្រូវដែរ តែផ្ទុយទៅវិញ បើសិនក្បាលមិនមានភាពត្រឹមត្រូវនោះខ្លួនរបស់យើងទាំងមូល ក៏មិនមានភាពត្រឹមត្រូវដែរ។ ដូច្នេះ ចូររៀនអំពីពាក្យទាំងនេះថា តើព្រះជាម្ចាស់មានសេចក្តីក្រោធបែបណាចំពោះអ្នកដែលមានសេចក្តីទុកចិត្តទៅលើរបស់អ្វីៗផ្សេងៗមិនមែនជាទ្រង់នោះ? និងចូររៀនឲ្យបានដឹងថា តើទ្រង់ល្អនិងមានព្រះទ័យសប្បុរសបែបណា ទៅដល់ពួកអ្នកដែលទុកចិត្តទៅលើទ្រង់តែមួយជាមួយនឹងចិត្ត ៣៣ របស់ពួកគេ? (ចោទិយកថា ៦:៥) ។ សេចក្តីក្រោធរបស់ទ្រង់នឹងមិនបពា្ឈប់ឡើយរហូតដល់ជំនាន់ទី៤ ដែលពួកគេស្អប់ដល់ទ្រង់។ ទ្រង់មានបន្ទូលបែបនេះ ដើម្បីកុំឲ្យអ្នករស់នៅក្នុងការធានា និងបណ្តាលឲ្យខ្លួនរបស់អ្នកធ្លាក់ទៅក្នុងឲកាសដូចជាមនុស្សសាហាវមួយចំនួនដែលគិតថា វាមិនមានភាពខុសប្លែកគ្នាអ្វីនោះទេចំពោះការរស់នៅរបស់ពួកគេនោះ។ ម្យ៉ាងវិញទៀតនោះ សេចក្តីល្អនិង ៣៤ សេចក្តីសប្បុរសរបស់ទ្រង់នឹងបានទៅដល់មនុស្សរាប់ពាន់នាក់។ ទ្រង់គឺជាព្រះដែលនឹងមិនមើលរំលង ចំពោះមនុស្សដែលបែបចេញពីទ្រង់នោះទេ។ ទ្រង់នឹងមិនបញ្ឈប់សេចក្តីក្រោធរបស់ទ្រង់នោះទេ រហូតដល់កូនចៅជំនាន់ទី៤ សូម្បីតែដល់ពេលដែលពួកគេត្រូវវិនាសសាបសូន្យក៏ដោយ។ ដូចនេះយើងត្រូវតែមានសេចក្តីកោតខ្លាចចំពោះទ្រង់ និងមិនត្រូវប្រមាថដល់ទ្រង់នោះទេ (ចោទិយកថា ១០:២០) ។
៣៥ ទ្រង់ក៏បានធ្វើឲ្យមានភាពល្បីល្បាញទៅដល់គ្រប់ទាំងប្រវត្តិសាស្រ្តទាំងអស់ ដូចជាអ្វីដែលព្រះគម្ពីរបានសម្តែងឡើងមក និងនៅក្នុងបទពិសោធន៍ប្រចាំថ្ងៃនៅតែបង្រៀនដល់យើងនៅឡើយ។ ចាប់តាំងពីដើមមកទ្រង់បានដកទាំងឫសនៃការថ្វាយបង្គំរូបព្រះ។ ពីព្រោះតែការថ្វាយបង្គំរូបព្រះ ទ្រង់បានបំផ្លាញទាំងសាសន៍យូដានិងសាសន៍ដទៃ។ រហូតមកដល់ពេលនេះ ទ្រង់បានបំផ្លាញរាល់ការថ្វាយបង្គំខុសឆ្គងទាំងអស់ ដូចនេះអស់អ្នកណាដែលស្ថិតនៅក្នុងការថ្វាយបង្គំខុស ទីបំផុតនឹងត្រូវវិនាស (២ ពង្សាវតារក្សត្រ៧:១៩-២០)។ ៣៦ សេចក្តីអំណួត អំណាច និងអ្នកមាននៅលើលោកីយ៍នេះ “sadana palians និង Phalarides ដែលមានទ្រព្យច្រើនជាងសាសន៍ Persians ទៅទៀតនោះ”។ ពួកគេមានអំណួត ដោយភាពរឹងទទឹងដោយព្រោះតែមាសប្រាក់របស់ពួកគេ។ ជាចុងក្រោយនោះ ពួកគេមិនបានគិតថា តើព្រះជាម្ចាស់មានសេចក្តីក្រោធ ឬមានព្រះភ័ក្រ្តញញឹមដាក់ពួកគេឬអត់? ។ ពួកគេហ៊ានទ្រាំទ្រជាមួយនឹងសេចក្តីក្រោធរបស់ទ្រង់ តែពួកគេមិនអាចមានជ័យជំនះនោះឡើយ។ នៅមុនពេលដែលពួកគេមានការភ្ញាក់រលឹកនោះ ពួកគេនឹងវិនាសជាមួយនឹងរបស់ដែលពួកគេបានដាក់ទំនុកចិត្ត។ អ្នកដទៃទៀត ទាំងអស់បានវិនាសតាមរបៀបនេះ ព្រោះពួកគេគិតក្នុងខ្លួនរបស់ពួកគេថា គេមានអំណាចឬការធានាប្រសើរជាងមានព្រះជាម្ចាស់។
៣៧ មនុស្សក្បាលរឹងបែបនេះគិតថា ព្រះជាម្ចាស់បានមើលរំលង និងប្រទានឲ្យពួកគេដើម្បីសម្រាកនៅក្នុងទីដែលមានសុវត្តិភាព ឬក៏ថាទ្រង់ពិតជាមិនបានយល់ ឬខ្វល់ខ្វាយអំពីបញ្ហាបែបនេះទេ។ ហេតុដូចនេះព្រះជាម្ចាស់ត្រូវតែដោះស្រាយដោយសេចក្តីក្រោធនិងដាក់ទោសទៅលើពួកគេ ដើម្បីកុំឲ្យពួកគេភ្លេចអំពីបាបរបស់គេរហូតដល់តំណចៅ ចៅទួតរបស់ពួកគេ។ តាមរយៈវិធីនេះ មនុស្សរាល់គ្នាអាចកត់ចំណាំ ហើយមើលឃើញថា វាមិនមែនជារឿងកំប្លែងសម្រាប់ទ្រង់នោះឡើយ។ ៣៨ ពួកទាំងនេះគឺជាមនុស្សដែលទ្រង់មានព្រះបន្ទូលទៅថា “ចំពោះអស់អ្នកណាដែលស្អប់អញ” (និក្ខមនំ ២០:៥) គឺមានន័យថាអស់អ្នកដែលមានភាពរឹងទទឹងដោយសារចិត្តមានះនិងអំណួតរបស់ពួកគេ។ គ្រប់ទាំងសេចក្តីអធិប្បាយ ឬការនិយាយទៅកាន់ពួកគេ នោះពួកគេនឹងមិនស្តាប់យើងឡើយ។ នៅពេលដែលពួកគេត្រូវបានស្តីបន្ទោស ដើម្បីឲ្យពួកគេអាចរៀននិងដឹងអំពីខ្លួន ហើយដើម្បីធ្វើការផ្សះផ្សា មុនពេលដែលការដាក់ទោសបាននេះចាប់ផ្តើមនោះ ពួកគេបែ្រក្លាយទៅជាឆ្កួតនិងល្ងីល្ងើទៅវិញ។ ពួកគេពិតជាសមនឹងទទួលនូវសេចក្តីក្រោធដូចដែលយើងបានឃើញជារៀងរាល់ថ្ងៃតាម រយៈអ្នកត្រួតត្រា (Bishop) និងអ្នកអង្គម្ចាស់ជាពិតប្រាកដ។
៣៩ ប៉ុន្តែផ្ទុយពីការគំរាមកំហែងដែលគួរឲ្យរន្ធត់បែបនេះ គឺមានអំណាចដែលខ្លាំងជាងក្នុងការកំសាន្តចិត្តនៃសេចក្តីសន្យា។ អស់អ្នកណាដែលជាប់នឹងព្រះជាម្ចាស់តែមួយ គួរតែមានភាពប្រាកដថាទ្រង់នឹបង្ហាញ ដល់ពួកគេនូវសេចក្តីមេត្តាករុណា។ ម្យ៉ាងវិញទៀត ទ្រង់នឹងបង្ហាញដល់ពួកគេនូវសេចក្តីល្អដែលបរិសុទ្ធ និងការប្រទានពរមិនត្រឹមតែខ្លួនរបស់ពួកគេប៉ុណ្ណោះទេ តែទៅដល់កូនចៅតំណក្រោយរបស់ពួកគេទៅទៀតរាប់ពាន់ជំនាន់ទៀត។ ៤០ សេចក្តីទាំងនេះគួរតែជាភាពយ៉ាងប្រាកដ មួយដើម្បីដាស់ចិត្តនិងបង្ខំយើងដើម្បីដាក់ចិត្តរបស់យើងទាំងអស់ទៅលើព្រះជាម្ចាស់ (ហេព្រើរ ៤:១៦, ១០:១៩-២៣)។ ប្រសិនបើយើងប្រាថ្នាចង់បាននូវសេចក្តីល្អលើលោកីយ៍ និងអស់ជីវិតលក្បជានិច្ចនោះ។ ចំពោះការថ្វាយដែលមានភាពខ្ពង់ខ្ពស់បែបនេះគឺធ្វើឡើងសម្រាប់ព្រះជាម្ចាស់ដ៏មានអំណាចចេស្តា ដែលទ្រង់មានសេចក្តីសន្យាសម្រាប់យើងដែលពេញបរិបូរណ៍។
៤១ ហេតុដូច្នេះ ចូរឲ្យមនុស្សគ្រប់រូបមានភាពហ្មត់ចត់ ដើម្បីយកបទគម្ពីរនេះដាក់ទៅក្នុងចិត្តរបស់ខ្លួន ដើម្បីកុំឲ្យគិតថា វាគ្រាន់តែជាសំដីរបស់មនុស្សជាអ្នកនិយាយឡើយ។ ចំពោះអ្នកវាជាសំនួរមួយអំពីការប្រទានពរអស់កល្បជានិច្ច សុភមង្គល និងសេចក្តីសង្រ្គោះ ឬសេចក្តីក្រោធដែលអស់កល្បជានិច្ច សេចក្តីលំបាក និងទុក្ខវេទនា។ តើមានអ្វីដែលអ្នកចង់បាន ឬចង់មានជាងការដែលព្រះជាម្ចាស់មានបន្ទូលសន្យា ដោយសេចក្តីសប្បុរសដើម្បីក្លាយទៅជាការប្រទានពរ និងការការពារ ជួយអ្នកនៅពេលដែលអ្នកត្រូវការទ្រង់នោះ?។
៤២ តែអ្វីដែលជាជោគវាសនាមិនល្អ និងជាភាពបរាជ័យនោះគឺ លោកីយ៍ទាំងមូលមិនជឿទៅលើការទាំងអស់នេះទេ ហើយក៏មិនបានចាត់ទុកវាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ សម្រាប់លោកីយ៍ គេមើលឃើញថា អស់អ្នកដែលទុកចិត្តទៅលើព្រះជាម្ចាស់ ហើយមិនទុកចិត្តទៅលើទ្រព្យសម្បត្តិនោះគឺមានការខ្វល់ខ្វាយនិងខ្វះខាតយ៉ាងខ្លាំង នេះហើយជាការដែលអារក្សប្រឆាំងជាមួយនឹងពួកគេដែលមិនព្រមចុះចូល។ ពួកគេគ្មានលុយ មិនបានទទួលការពេញចិត្ត គ្មានកិត្តិយស ហើយនឹងពិបាកក្នុងការរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវិតរបស់ពួកគេ។ តែយ៉ាងណាមិញ អស់អ្នកដែលជាអ្នកបំរើទ្រព្យសម្បត្តិ មានអំណាច មានការពេញចិត្ត មានកិត្តិយស មានទ្រព្យកម្មសិទ្ធិជាច្រើន និងសេចក្តីកំសាន្តចិត្តនៅក្នុងភ្នែករបស់លោកីយ។ ដោយព្រោះតែមូលហេតុនេះហើយ ពាក្យបន្ទូលទាំងនេះត្រូវតែយល់ដើម្បីនិយាយប្រឆំាងជាមួយការកើនឡើងនៃវត្ថុទាំងនេះ។ យើងត្រូវតែគិតពិចារណាថា ពួកវាមិនមែនជាការកុហក ការបោកបញ្ឆោតនោះទេ តែវានឹងក្លាយទៅជាការពិតដែលនឹងចូលមករកយើងយ៉ាងប្រាកដ។
៤៣ ចូរឆ្លុះបញ្ចាំងពីខ្លួនរបស់អ្នក ឬស្រាវជ្រាវ ហើយប្រាប់ដល់ខ្ញុំ៖ អស់អ្នកដែលបានប្រើប្រាស់ អស់ទាំងគំនិត ប្រាជ្ញារបស់ពួកគេដើម្បីប្រមូលនូវរបស់ និងទ្រព្យសម្បត្តិ។ តើចុងក្រោយបំផុតពួកគេអាចរកបានអ្វី? អ្នកនឹងអាចមើលឃើញថា ពួកគេបានខ្ជះខ្ជាយពេលវេលា កំលាំង និង ពលកម្មរបស់ពួកគេ ឬទោះបើជាពួកគេមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែខ្ចាត់ខ្ចាយដដែល (លូកា ១២:១៦-២១)។ ដូចនេះពួកគេផ្ទាល់មិនដែលបានរកឃើញសុភមង្គលក្នុងទ្រព្យសម្បត្តិរបស់ពួកគេឡើយ ហើយបន្ទាប់មកទ្រព្យសម្បត្តិទាំងនោះអាចឈានទៅដល់ជំនាន់ទី៣នៃកូនចៅបានឡើយ។
៤៤ អ្នកអាចស្វែងរកឃើញគំរូជាច្រើននៅក្នុងប្រវត្តិសាស្រ្ត តាមរយៈការចងចាំ តាមរយៈមនុស្សមានបទពិសោធន៍ ដោយគ្រាន់តែមើល និងពិចារណាអំពីដំណើរជីវិតរបស់ពួកគេ។
៤៥ ស្តេចសូលជាស្តេចមួយអង្គដែលអស្ចារ្យ ទ្រង់ត្រូវបានជ្រើសតាំងដោយព្រះជាម្ចាស់និងជាមនុស្ស ដែលស្រលាញ់ព្រះ។ ប៉ុន្តែនៅពេលដែលគាត់បានឡើងគ្រងរាជ្យ គាត់បានតាំងចិត្តរបស់គាត់ចាកចេញពី ព្រះជាម្ចាស់ តែបានដាក់ទំនុកចិត្តរបស់គាត់ទៅលើរាជ្យបល្ល័ង្ក និងអំណាចរបស់ទ្រង់ទៅវិញ (១សាំយូអែល ៩-១៣) បន្ទាប់មកទ្រង់ត្រូវវិនាសទាំងអស់នូវអ្វីដែលគាត់មាន ទោះសូម្បីតែកូនរបស់ទ្រង់ក៏មិនមានជីវិតរស់នៅដែរ (១សាំយូអែល ៣១)។
៤៦ តែយ៉ាងណាមិញ ស្តេចដាវីឌជាមនុស្សម្នាក់ដែលក្រ ជាមនុស្សដែលគេមើលងាយ ជាមនុស្សដែលគេតាមសម្លាប់ ដែលធ្វើឲ្យគាត់មានអារម្មណ៍ថា ជីវិតរបស់គាត់មិនអាចមានការធានាបានទេ ទោះបីជាយ៉ាងណាក៏ដោយ (១សាំយូអែល ១៩-២៩)។ តែគាត់នៅតែមានជីវិតទោះបើស្តេចសូលតាមសម្លាប់ ហើយដាវីឌបានក្លាយទៅជាស្តេច (២សាំយូអែល ២)។ ចំពោះបន្ទូលនៃសេចក្តីសន្យាទាំងនេះគឺនៅជាប់ហើយនឹងក្លាយទៅជាការពិត ដោយព្រោះព្រះជាម្ចាស់ទ្រង់មិនកុហក ឬបោកបញ្ឆោតនោះឡើយ (ទីតុស១:២)។ ចូរកុំឲ្យអារក្សនិងលោកីយនេះល្បួងអ្នក ដោយនឹងការបង្ហាញរបស់វាឡើយ ព្រោះថាវាមានតែមួយរយៈពេលប៉ុណ្ណោះ តែនៅចុងក្រោយបំផុតនោះវាមិនមានអ្វីទាល់តែសោះ។
៤៧ ចូរឲ្យយើងបានសិក្សាឲ្យបានក្បោះក្បាយអំពីក្រឹត្យវិន័យទី១ ដែលអាចធ្វើឲ្យ យើងឃើញពីរបៀបដែលព្រះជាម្ចាស់នឹងមិនអត់ទ្រាំព្រះហឫទ័យ ជាមួយនឹងការដាក់ទំនុកចិត្តទៅលើវត្ថុអ្វីនោះទេ។ យើងនឹងឃើញពីរបៀបដែលព្រះអង្គតម្រូវឲ្យយើងមាន គ្មានអ្វីក្រៅពីការទុកចិត្តដែលចេញពីចិត្តសម្រាប់ការល្អទាំងអស់។ បន្ទាប់មកយើងអាចរស់នៅដោយភាពត្រឹមត្រូវ ទៀងត្រង់ និងប្រើនូវការប្រទានពរដែលព្រះជាម្ចាស់បានប្រទានមក ដូចជាជាងស្បែកជើងដែលគាត់ប្រើប្រាស់ ម្ជុល ដែកខៃ និងអំបោះសម្រាប់ធ្វើកិច្ចការ និងទុករបស់ទាំងនោះនៅមួយកន្លែង ឬក៏យើងអាចមានឥរិយាបថដូចជាអ្នកដំណើរដែលប្រើប្រាស់ បន្ទប់បរិភោគចំណីអាហារ និងគ្រែដើម្បីតម្រូវនៅពេលដែលគាត់សម្រាក។ មនុស្សម្នាក់ៗអាចធ្វើកិច្ចការទាំងអស់នេះបានតាមរយៈការត្រាស់ហៅរបស់គាត់ ដោយយោងទៅតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ ដោយមិនអនុញ្ញាតឲ្យរបស់ទាំងឡាយនោះក្លាយទៅជាចៅហា្វយ ឬជារូបព្រះរបស់គាត់ឡើយ។ ៤៨ រីឯសេចក្តីនេះក៏គ្រប់គ្រាន់សម្រាប់ក្រឹត្យវិន័យទី១ ដែលយើងបានពន្យល់យ៉ាងច្រើនមកនេះ ដោយព្រោះថាវាមានសារៈសំខាន់ជាងគេ។ វាដូចជាអ្វីដែលខ្ញុំបាននិយាយពីខាងដើមថា វាជាកន្លែងណាដែលចិត្តរបស់យើងបានថ្វាយទៅព្រះដោយភាពត្រឹមត្រូវ (ចោទិយកថា ៣២:៤៦) ហើយបើក្រឹត្យវិន័យទី១នេះត្រូវបានរក្សាបានល្អ នោះក្រឹត្យវិន័យបន្តបន្ទាប់ទៀតក៏នឹងត្រូវបានរក្សាល្អផងដែរ។
អត្ថបទដកស្រង់ចេញពីសៀវភៅ គោលជំនឿគ្រីស្ទបរិស័ទ(Lutheran 101)ទំព័រទី២៦-៣៧