ប្រភពដើមនៃអំពើបាប

ប្រភពដើមនៃអំពើបាប

តាមរយៈមេរៀននៃគោលជំនឿគ្រីស្ទបរិស័ទ​ យើងដឹង​ព្រះគម្ពីរ​បង្រៀន​ថាមនុស្ស​ទាំងអស់បានកើត​មក​ដោយការ​ខូចបង់ក្នុងនិស្ស័យជាមនុស្សរបស់យើង។ ពោលគឺគ្រប់គ្នាចាប់តាំងពីលោកអ័ដាម​និងនាង​អេវ៉ារៀង​​មក​បានកើត​​មក​គ្មានលទ្ធភាពដើម្បី

«កោតខ្លាច ស្រឡាញ់ និងទុកចិត្តព្រះជាងអ្វីៗទាំងអស់»។ យើងភាគច្រើនយល់ច្រឡំពីទ្រង់ទ្រាយប្រភពដើមនៃអំពើបាបរបស់​យើង​ថា គ្រាន់តែជាមិនបរិសុទ្ធដែលយើងអាចយកជ័យជំនះបានបើយើងគ្រាន់តែចំណាយពេល និងកំឡាំងដើម្បី​ជំនះ​លើវា។ វាអាក្រក់ជាងការគិតបែបនោះខ្លាំងណាស់! ពីព្រោះយើងអានក្នុងលោកុប្បត្តិ ៣:១­៥ ដែលចែងថា៖

ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយ​ទៅកាន់ស្ត្រីថា តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណា នៅក្នុងសួនច្បារមែនឬ?

ស្រ្តី​​ឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើមួយដែលនៅកណ្តាល​សួន​ច្បារនោះ ​ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់។

រួចពស់ក៏និយាយទៅស្រ្តីថា អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះ​ភ្នែក​អ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង។

សាតាំងវាយប្រហារលោកអ័ដាម និងនាងអេវ៉ាតាមរយៈការលួងលោមអោយពួកគេបះបោរនឹងអំណាច​របស់ ព្រះដ៏មានព្រះចេស្តា។       វាញុះញុងអ្នកទាំងពីរនេះ អោយមានគំនិត ក្លាយជាព្រះ ផ្ទាល់!​មានពាក្យនិយាយមកថា​ក្នុង​ជម្រៅ​និស្ស័យបាបរបស់យើង គឺជាការប្រាថ្នាចង់សម្លាប់ព្រះជាម្ចាស់ ហើយក្លាយជាព្រះផ្ទាល់។ យើងចង់គ្រប់គ្រង! នេះគឺ ជា​វិសាលភាពដ៏គួរអោយភ័យខ្លាចបំផុត និងជាការពិតនៃប្រភពដើមនៃអំពើបាប។

ហេតុនេះមូលដ្ឋានពីខាងក្រោយអំពើបាប គឺពិតជាមិនមែនស្ថិតលើបញ្ហាយើងស្តាប់បង្គាប់ ឬក៏មិនស្តាប់​បង្គាប់តាម​​​ក្រិត្យវិន័យរបស់ព្រះទេ ក៏ប៉ុន្តែគឺស្ថិតលើការដែលយើងមានឆន្ទៈ​ ឬគ្មានឆន្ទៈថ្វាយរាល់សិរីល្អដល់ទ្រង់​ដោយ​ « កោតខ្លាច ស្រឡាញ់ និងទុកចិត្តព្រះជាងអ្វីៗទាំងអស់» វិញទេតើ។ អំពើបាបបំពានបញ្ញតិទីមួយ។ ការ​មិន​​ស្តាប់បង្គាប់ នឹង​ក្រិត្យវិន័យជាក់លាក់​ណាមួយរបស់ព្រះ គឺគ្រាន់​តែជាការសំដែង​នូវការបដិសេធន៍ មិនថ្ចាយបង្គំទ្រង់​ជាងអ្វីៗ​ផ្សេងទៀតប៉ុណ្ណោះ។ ដូច្នេះ​អំពើបាបដ៏ធំរបស់មនុស្សជាតិគឺជាសេចក្តីអំណួតរបស់គេ វាមិនមែនជា​ទង្វើ​របស់​ពួកគេឡើយទេ។ ម៉្យាងវិញ​ទៀត ចំណុច​នេះជួយអោយ​យើងពន្យល់បកស្រាយនូវមូលហេតុ​ដែលយើង​មាន​ឆន្ទៈទទួលស្គាល់​នូវកំហុសលេចធ្លោ​ទាំង​ឡាយ​របស់​យើង តែនៅក្នុងជម្រៅចិត្តរបស់យើងវិញ​មិនដែលជឿថា​ខ្លួន​យើង​បានធ្វើខុសឡើយ។ នៅក្នុងគំនិតរបស់យើង កំហុសឆ្គង​ទាំង​ឡាយរបស់យើងគឺមិនពិតជាអំពើបាបទេ! កំហុស​និមួយៗ​គឺអាចយល់បានអាចពន្យល់បាន និងទីបំផុតអាច​ធ្វើ​ជាលេសបាន ផងដែរ។ នេះព្រោះតែ​និស្ស័យ​បាបចាស់របស់យើង ចង់រក្សាតំណែងជាចៅក្រមលើអ្វីៗទាំងអស់ និងធ្វើការដើម្បី​មាននូវ​សហវត្តមាន ជាមួយ​នឹង​ព្រះជាជាងចុះចូល នឹងព្រះអង្គ។ ទីបំផុត នេះគឺជាមូលហេតុ​ដែលពាក្យបន្ទូលព្រះនិងមាគ៌ានៃឈើឆ្កាង​នៅរក្សា​ជា​បរមតិ ចំពោះ​មនុស្សខាងផ្នែកសាច់ឈាម។ វាគឺជាប្រភពដើមនៃ​អំពើបាបនេះ​ហើយ ​ដែលបណ្ឌិតលូធ័រលើកយកមក​សម្តែងប្រាប់ដល់យើងតាមរយៈកិច្ចពិភាក្សារបស់គាត់ ​ហើយវាគឺជាកំឡាំង​ជម្រុញទឹកចិត្ត​​ពីខាងក្រោយ​ដែល​លូធ័រ​លោក​ហៅថាជា «ទេវសាស្ត្រនៃសិរីល្អ (Theology of Glory)»។

និស្ស័យពីររបស់គ្រីស្ទបរិស័ទ

នៅបូជនីយស្ថានមួយក្នុងបណ្តាបូជនីយស្ថានទាំងឡាយ ដែលឧទ្ទិសដល់អាប៉ូឡូជាអាទិទេព ជាតិក្រិក នាសតវត្យទីប្រាំមួយចារឹកដូចនេះថា៖ «ស្គាល់ខ្លួនឯង» (វចនានុក្រមគតិលោក កូឡូមប៊ែ Columbia Dictionary of Quotations ឆ្នាំ ១៩៩៣)។ គតិនេះបន្តជាយោបលល្អជានិច្ច ពីព្រោះវាមានសារៈសំខាន់សំរាប់​ស្គាល់​នូវ​ចំណុច​ខ្លាំង ​និងខ្សោយរបស់យើងប្រសិនបើយើងត្រូវការរៀបចំផែនការជីវិតនេះ ប្រកបដោយភាពវ័យឆ្លាត។

ដូចយើងបានឃើញនៅក្នុងជំពូករងខាងលើរួចហើយថា មនុស្សជាតិទាំងអស់គឺសុទ្ធតែបានកើតភ្ជាប់​មក​ជា មួយ​នឹង​បាបនិងនិស្ស័យបំរើខ្លួនឯង។ ទោះជាយ៉ាងណា គ្រីស្ទានមាននិស្ស័យបន្ថែមមួយទៀត ដូចនេះ ​គាត់​មាន​និស្ស័យពីរខុសប្លែកគ្នា ហើយនិស្ស័យទាំងពីរនេះតែងតែប្រឆាំង នឹងគ្នាជានិច្ច។ បើនិយាយ​ខាងតាមបែប​ព្រលឹង​វិញ្ញាណវិញ យើងជាមនុស្សមានជម្ងឺបែកគតិ (schizophrenics ជម្ងឺសរសៃ​ប្រសាទដែល​មិន​អាចគិតបាន)​ ជា​ពាក្យ​​បន្សំនៃភាសាក្រិកដែលមានន័យថាគំនិតបែងចែក (split mind)។ ពិតណាស់ យើងនិយាយសំដៅទៅ​លោក​អ័ដាម​ជា​មនុស្សចាស់ និងមនុស្សថ្មីដូចបានពន្យល់​បកស្រាយក្នុងគោលជំនឿគ្រីស្ទបរិស័ទសំណួរនិងចម្លើយ​ខ្នាតខ្លី​នៅទំព័រទី ២១០ សំណួរទី ២៥៥­២៥៩ (គោលជំនឿគ្រីស្ទបរិស័ទ ទំព័រ ២១០-២១២)។ អ័ដាមជា​មនុស្ស​ចាស់គឺជានិស្ស័យបាបចាស់ដែលបានកើតមកជាមួយយើង ហើយប្រភពដើមនៃអំពើបាបបណ្តាលអោយវាមាន​ភាព​សកម្ម។ អ្នកមិនមែនជាគ្រីស្ទ បរិស័ទ ដែលមានតែនិស្ស័យបាបពីកំណើតមួយទេ ដូច្នេះនិស្ស័យបាបចាស់ដឹក​នាំ​និស្ស័យ​កំណើត​​នេះ។

យ៉ាងណាក៏ដោយ មនុស្សថ្មីគឺការបង្កើតដ៏ថ្មីស្រឡាងមួយរបស់ព្រះវិញ្ញាណបរិសុទ្ធ​តាមរយៈពាក្យ​បន្ទូល​នាពេល ឬរួមគ្នាក្នុងពិធីបុណ្យជ្រមុជទឹក។ សាវ័កប៉ូលសរសេរក្នុង ២កូរិនថូស ៥:១៧ ថា៖​ «បានជាបើអ្នកណានៅ​ក្នុង​ព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងផុតទៅ មើល គ្រប់ទាំងអស់បាន​ត្រឡប់​ជាថ្មីវិញ!»។ និស្ស័យថ្មីនេះគឺជាចំណុចចាប់ផ្តើមនៃការស្តារឡើវិញនៃ «រូបអង្គ​ព្រះ​ជាម្ចាស់» ដែលទ្រង់បាន​បង្កើតអ័ដាមនិងអេវ៉ាកាលពីដើមក្នុងលោកុប្បត្តិ ១:២៦។ ក្រោយមកទៀតវាក៏ជា «រូបអង្គ​ព្រះ​ជាម្ចាស់» ដែលលោក​អ័ដាម​និងនាងអេវ៉ាបានបាត់បង់ក្នុងគ្រាធ្លាក់ក្នុងអំពើបាបក្នុងលោកុប្បត្តិ​ជំពូក៣ផងដែរ។ អាស្រ័យហេតុនេះ ទើប​សាវ័កប៉ូល​ជារឿយៗប្រាប់ថាមនុស្សថ្មី ឬនិស្ស័យថ្មីនេះជា «ព្រះគ្រីស្ទ­ក្នុង­ខ្ញុំ Christ-in-me» ពីព្រោះ​មនុស្សថ្មី​នៅ​ក្នុង​​យើង​ គឺ​ជា​ព្រះគ្រីស្ទដែលកំពុងគង់ក្នុងជីវិតរបស់យើង។ ការសណ្ឋិត​នៅឬការប្រកបគ្នា​នៃព្រះគ្រីស្ទ​នៅក្នុង​មនុស្ស តាមបែប​ទេវសាស្ត្រ​យើងហៅថាសម្ព័ន្ធមេត្រីដ៏អាថ៌កំបាំង (Mystical Union)។

ខណៈដែលធាតុពិតរបស់និស្ស័យទាំងពីរ មានឥទ្ធិពលលើបែបបទដែលយើងដើរតាមមាគ៌ានៃឈើឆ្កាងនាជីវិត​នេះ គ្រីស្ទបរិស័ទមួយភាគធំមិនបានទទួលខុសត្រូវនឹងគុណវិប្បត្តិរបស់និស្ស័យបាប ពីកំណើត​របស់យើង​អោយ​​​បាបត្រឹមត្រូវ​​នោះទេ។ យើងដឹងពីបញ្ហានេះតាមរយៈគោលលទ្ធិប្រភពដើមនៃអំពើបាបដែល​បានប្រាប់ថា​ យើង​​​មនុស្ស​ពោរពេញ​ដោយបាបភ្ជាប់ពីកំណើត តែយើងកម្រនឹងទទួលស្គាល់ពីទ្រង់ទ្រាយ​នៃនិស្ស័យបាប​បំពុល​ជីវិត​​ខាងផ្នែក​ព្រលឹងវិញ្ញាណ​របស់យើង និងទំនាក់ទំនងជាមួយព្រះជាម្ចាស់ណាស់។ ​ការពិត ហោរាយេរេមា​ពន្យល់​ក្នុង ១៧:៩ ថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹង​អាច​ស្គាល់​​បាន?»។ និស្ស័យបាបចាស់បានធ្វើបាបយ៉ាងពុតត្បុតនិងយ៉ាងបោកបញ្ឆោត ដោយវិធីជាច្រើនដែល​យើង​ពុំ​ធ្លាប់​​​បាន​កត់​សំគាល់!

បន្ថែមលើសេចក្តីនេះទៀត អ័ដាមជាមនុស្សចាស់ (the Old Adam) ជាអ្នកតំណាងនៃប្រភពដើមនៃ​អំពើ​បាប​​ និង​សេចក្តីអំណួត ព្យាយាមគ្រប់គ្រងកិត្តិយសផ្ទាល់ខ្លួន និងសិរីល្អសំរាប់ខ្លួនគាត់ផ្ទាល់។ ជាលទ្ធផល​គាត់​តែងតែថ្កោល​ទោស ​​ចំពោះបញ្ហាផ្សេងៗផ្អែកលើទស្សនៈផ្ទាល់ខ្លួន ពោលគឺគាត់ឥតដែលធ្វើអ្វីខុសឆ្គងឡើយ។ ថ្វីដ្បិតតែ​គាត់ត្រូវបានគេ​ឃើញ​ថាមានកំហុស ក៏ជានិច្ចកាលគាត់មានលេសដោះសារដែរ។ អ័ដាមជាមនុស្សចាស់ ទទួល​ការជម្រុញ​ទឹកចិត្ត​ដោយ​សារកិច្ចបំរើផ្ទាល់ខ្លួន។ អូ៎! ទោះបីជាតាមសភាវៈខាងក្រៅ គាត់ជាមនុស្ស​សប្បុស​ និង​សន្តោស​ប្រណី ប៉ុន្តែ​សូម​​ចងចាំថា គាត់គឺជាមនុស្សដ៏ឆ្លាតវៃនិងពូកែបញ្ឆោតផងដែរ។ គាត់ដឹងយ៉ាង​ច្បាស់ថា​ជា​រឿយៗ​គាត់អាច​សម្រេច​តាម​បំណងចិត្តរបស់គាត់​ប្រសិនបើគាត់សម្តែង​អាកប្បកិរិយា​ខាងក្រៅ ​ដោយសន្តោស​ប្រណី​និង​យោគយល់​ចំពោះ​អ្នកដទៃ។

អាស្រ័យហេតុនេះទើប រ៉ូម ៨:៧ ចែងមកថា៖ «ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹង​នឹង​ព្រះ ដ្បិតមិនចុះចូល​នឹងក្រិត្យវិន័យ​របស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង» និងយើងអាចដឹងជាមុនថាអ័ដាម​ជា​មនុស្ស​ចាស់អាចប្រឆាំងនឹងសាសនាជាលក្ខណៈបើកចំហរ ជារឿយៗនេះគឺករណីពិតប្រាកដ។​ ក៏ប៉ុន្តែ វាធ្វើអោយ​មនុស្ស​​ជាច្រើនភ្ញាក់ផ្អើលថាអ័ដាមជាមនុស្សចាស់ជាញយដង គឺជាមនុស្សគោរពសាសនាយ៉ាងខ្លាំង! ក៏ប៉ុន្តែបើ​បុគ្គល​​ម្នាក់ស្តាប់ដ៏ប្រុងប្រយត្ន័គាត់ប្រាកដជាដឹងថា​អ័ដាមជាមនុស្សចាស់បង្កើតសាសនាមួយ ចេញពី​ការច្នៃប្រឌិត​របស់គាត់។ ជាធម្មតាគាត់ក៏បង្កើតសាសនាមួយ ដែលគាត់យល់ឃើញថាជានិច្ចកាលល្អដែរ។ បើតាមនិស្ស័យរបស់​អ័ដាមជា​មនុស្ស​ចាស់ព្យាយាមរាប់ខ្លួនឯងថាមនុស្សសុចរិត ដូចជាគណៈផារិស៊ីក្នុងដំណឹងល្អលូកា ១៨:១១​ដែល «ឈរតាំង​អធិស្ឋាន​តែម្នាក់ឯងដូច្នេះថា៖ ឳព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជា​មនុស្ស​​ឯទៀត ដែលជា​មនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ»។

ជាចុងក្រោយ អ័ដាមជាមនុស្សចាស់តែងតែផ្តេកផ្តួលលើកិច្ចការ កំឡាំង និងប្រាជ្ញារបស់គាត់ដែល​ទីបំផុត​នឹង​លាតត្រដាងអោយឃើញនូវចំណុចជាស្នូលដ៏មោទនភាពរបស់ខ្លួន។ ហេតុនេះអ័ដាមជាមនុស្សចាស់​អាចនឹង​សម្តែង​​​បែប​ជាមោទនភាពនិងការធានាផ្ទាល់ខ្លូន ឬដោយលក្ខណៈភ័យខ្លាចនិងវិលវល់ក្នុងភាពអស់សង្ឃឹម។ គាត់​ទុកចិត្តតែលើខ្លួនឯងគាត់។ តាមនិស្ស័យរបស់គាត់ គាត់មិនអាចដើរដោយក្តីជំនឿដែលតម្រូវអោយទុក​ចិត្តព្រះ​បាន​​ទេ ពីព្រោះអ័ដាមជាមនុស្សចាស់គឺនឹងនៅជាសត្រូវរបស់ព្រះជានិច្ច។ ឧទាហរណ៍ «ដ្បិតគំនិតខាងសាច់ឈាម នោះជា​សេចក្តីស្លាប់ទទេ ឯគំនិតនៃវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ ព្រោះគំនិតខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹងនឹងព្រះ ដ្បិតមិនចុះចូល​នឹងក្រិត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង»។ សូមអានអេភេសូរ ២:១​​ ផងដែរ។

ជាការបន្ថែម សាវ័កប៉ូលសរសេរក្នុងរ៉ូម ៦:៣­៧ (ការអានជំពូកទាំងមូលគឺការដ៍ប្រសើរបំផុត)៖

៣​ តើអ្នករាល់គ្នាមិនដឹងទេឬអីថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបាន​ទទួល​​ជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ​ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយ ទទួលជ្រមុជ​សេចក្តី​ស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អ​នៃ​ព្រះវរបិតា​ដែរ ដ្បិតបើយើងបានជាប់នឹងទ្រង់ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុង​សេចក្តីរស់​ឡើង​វិញរបស់ទ្រង់ដែរ ដោយដឹងសេចក្តីនេះថា មនុស្សចាស់របស់យើងបានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បី​ឲ្យ​តួអំពើបាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយ ដ្បិតអ្នកណាដែលស្លាប់ នោះក៏​បាន​រាប់ជាសុចរិតរួចពីបាបហើយ។

ចំណុចនេះ​សាវ័កប៉ូលបញ្ជាក់ថា អ័ដាមជាមនុស្សចាស់មិនអាចកែប្រែបានទេ។ គាត់អាចតែទទួលជាប់​ឆ្កាង​ប៉ុណ្ណោះ! នេះគ្រាន់តែបន្ថែមនូវភាពអស់សង្ឃឹមរបស់អ័ដាមជាមនុស្សចាស់ ដើម្បីបន្ត​មានជីវិត​ ទោះ​បីជាមានអ្វី​កើត​ឡើង​ក៏ដោយ! តើលទ្ធផលទៅយ៉ាងណា?​ មាគ៌ានៃឈើឆ្កាងដឹកនាំយើងឆ្លងកាត់ជម្លោះនិងទុក្ខលំបាក! ហេតុ​នេះ​​ទើបលោកប៉ូលសរសេរនៅក្នុងជំពូកបន្ទាប់ទៀតថា៖

ដ្បិតយើងដឹងថា ក្រិត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយត្រូវបានលក់ទៅក្នុងអំណាច​របស់​បាប ១៥ ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំ​ស្អប់​​វិញ ១៦ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថាក្រិត្យវិន័យល្អមែន​ ១៧ ដូច្នេះ មិន​មែន​​ខ្ញុំ ដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ១៨ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់​ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែរកធ្វើមិនកើតសោះ ១៩ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើ​នោះ​​ទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ២០ ដូច្នេះបើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិន​មែន​ខ្ញុំដែល ធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ២១ យ៉ាងនោះខ្ញុំឃើញច្បាប់មួយនេះថា ឯខ្ញុំ​ដែល​ចង់ប្រព្រឹត្តតែសេចក្តីល្អ នោះចេះតែមានសេចក្តីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច ២២ ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំ​ត្រេក​អរ​ចំពោះក្រឹត្យវិន័យរបស់ព្រះ ២៣ តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នឹង​អំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាបដែលនៅក្នុងអវយវៈ​នៃខ្លួនខ្ញុំ​ទាំង​ប៉ុន្មាន​​ផង ២៤ វេទនា​ណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួចពីតួសេចក្តីស្លាប់នេះទៅបាន? ២៥ អរព្រះគុណដល់​ព្រះអង្គគឺដោយ​​សារ​ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រិត្យវិន័យ​របស់​​ព្រះដោយគំនិតខ្ញុំ តែខាង​សាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។

ក្នុងចន្លោះពេលនេះ មនុស្សថ្មី គឺខុសស្រឡះពីមនុស្សចាស់។ គាត់​ឥតដែលស្វែងរកផ្លូវផ្ទាល់ខ្លួនទេ តែ​បែរ​ជា​ស្វែងរកផ្លូវរបស់ព្រះដូចជាគំរូដែលព្រះយេស៊ូវអធិស្ឋានទៅព្រះវរបិតាទ្រង់ក្នុងលូកា ២២:៤២ ​«ប៉ុន្តែ កុំតាម​ចិត្ត​ទូល​បង្គំ​ឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ»។ មនុស្សថ្មីក៏មិនស្វែងរកកិត្តិយសនិងសិរីល្អផ្ទាល់​ខ្លួនដែរ តែដូច​ជា​សាវ័ក​​ប៉ូល​សរសេរក្នុង ១កូរិនថូស ១០:៣១​ «ដូច្នេះ ទោះបើស៊ីឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់​សំរាប់​ចំរើន​សិរីល្អដល់ព្រះចុះ»។ មនុស្សថ្មីក៏មិនរាប់ខ្លួនឯងជាមនុស្សសុចរិតដែរ ប៉ុន្តែសារភាពអំពើបាបរបស់គាត់ ប្រែ​ចិត្ត និងបន្ទាបខ្លួនសុំសេចក្តីមេត្តាករុណាពីព្រះអម្ចាស់។ នេះអាចកើតឡើងពីព្រោះដូចជា រ៉ូម ១:១៧ សម្តែង ប្រាប់ថា៖ «មនុស្សសុចរិតនឹងរស់នៅ​ ដោយអាងសេចក្តីជំនឿ»។​ ជំនឿទុកចិត្តព្រះអម្ចាស់សំរាប់ទទួលការអត់ ទោស​​បាប។ ដូច្នេះ មនុស្សថ្មីមិនពឹងផ្អែកលើកិច្ចការផ្ទាល់ខ្លួនទេ លើអំណាច​ ឬប្រាជ្ញារបស់ខ្លួនទេ ក៏ប៉ុន្តែដូចជា សុភាសិត ៣:៥ ចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពី កុំឲ្យពឹងផ្អែកលើយោបលរបស់ខ្លួនឡើយ»។

ជំនួសការគំនិតមានជីវិតរស់នៅបែបអាត្មានិយមរបស់អ័ដាម ជាមនុស្សចាស់ សេចក្តីស្រឡាញ់របស់​ព្រះ​គ្រីស្ទ​ជម្រុញទឹកចិត្តមនុស្សថ្មីដែលស្ម័គ្រចិត្តរស់នៅប្រកដោយការលះបង់ខ្ពស់សំរាប់ព្រះ និងអ្នកដទៃវិញ។ សាវ័ក​ប៉ូល​​​ពណ៌នាសេចក្តីស្រឡាញ់បែបបនេះក្នុង១កូរិនថូស ១៣:៤­៥ ថា៖ «ឯសេចក្តី​ស្រឡាញ់​តែងតែអត់ធ្មត់ ហើយ​ក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែល​មានចិត្តធំផង​ មិនដែល​ប្រព្រឹត្តបែប​មិន​គួរ​សម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់​ទោស»។ រួចហើយជាចុងក្រោយ ហេតុតែ​មនុស្ស​ថ្មី​បានមកឯយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ​ដោយសារ​អំណាចនៃពាក្យបន្ទូលនាពិធីបុណ្យជ្រមុជ ​ដូចនេះ​មនុស្សថ្មី​រីកចំរើន​និងទទួលនូវកំឡាំងតាមរយៈការស្តាប់និងការជញ្ជឹងគិតពីពាក្យបន្ទូលរបស់ព្រះ។

អត្ថបទដកស្រង់ចេញពីសៀវភៅ មាគ៌ានៃឈើឆ្កាង(The Way of the Cross) ទំព័រ២១-២៩

Leave a Reply

Your email address will not be published. Required fields are marked *

Proudly powered by WordPress | Theme : News Elementor by BlazeThemes